មណ្ឌលគិរី៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តុលាការខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួនជនសង្ស័យពីរនាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នករណីកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះថែលរិទ្ធីភេទប្រុសអាយុ២៤ឆ្នាំនៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី និងឈ្មោះឯមអំ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិខ្ជាយឃុំតំបែរស្រុកតំបែរខេត្តត្បូងឃ្មុំ។
ជនត្រូវចោទទាំងពីរនាក់ ត្រូវមន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃដែនជម្រកសត្វព្រៃកែវសីមាចាប់បានកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២១កន្លងទៅពេលកំពុងធ្វើសកម្មភាពកាប់រំលំដើមឈើ និងអារជ្រៀកឈើប្រភេទស្រឡៅជាច្រើនដើម។
វត្ថុតាងមានរណារយន្ត១គ្រឿង និងម៉ូតូកែច្នៃ១គ្រឿង នៅម្តុំគីឡូម៉ែត្រលេខ១៦៣ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាក្នុងដែនជម្រកសត្វព្រៃកែវសីមា។ បច្ចុប្បន្នជនជាប់ចោទទាំងពីរនាក់ត្រូវតុលាការខេត្តមណ្ឌលគិរីឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន៕វ៉ាន់មុន្នី