ភ្នំពេញ ៖ បន្ទាប់ពីមានការបែកធ្លាយថាមន្ត្រីពាក់ព័ន្ធមួយចំនួន ចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្តបានឃុបឃិតគ្នាលក់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ មហាជនទូទៅបានស្នើពិនិត្យ
ពិនិត្យមើលរឿងរបស់លោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត, លោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លី ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់សង្ឃឹមលើអភិបាលខេត្តកំពតថ្មី ដែលនឹងត្រូវចូលមកជំនួសឯកឧត្តម ជាវ តាយ នឹងអាចដោះស្រាយរឿងមន្ត្រីមួយចំនួនឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។ ជាពិសេសពួកគាត់សង្ឃឹមថា សម្តេចតេជោ ហ៊ុន សែននិងសម្តេចក្រឡា ហោម ស ខេង នឹងចាត់វិធានការលើមន្ត្រីពាក់ព័ន្ធទាំងនោះ និងសើរើករណីនេះឡើងវិញ។
ប្រភពច្បាស់ការណ៍បានបង្ហើបថា បើទោះបីជាមានភស្តុតាងរូបថតលោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត បានទទួលលុយរាប់ម៉ឺនដុល្លារពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ យ៉ាងណាក៏ដោយក៏លោក វ៉ិត វឌ្ឍនា បានអះអាងថា ជារូបកាត់ត មិនមែនជារូបពិតនោះទេ។ ប៉ុន្តែនៅពេលដែលមានការចោទសួរថា បើរូបថតទទួលលុយ ពីលោក សេង សម្បត្តិ កាត់ត ចុះវីដេអូនៅពេលទទួលលុយនោះ កាត់តដែរឬទេ? ស្រាប់តែឮបែបនេះ លោក វ៉ិត វឌ្ឍនា ហាក់ដូចជាភ័យ និងបានហៅអ្នកសារព័ត៌មានឱ្យទៅជួបខ្លួននៅខេត្តកំពតដើម្បីសម្របសម្រួល។
ចំណែកលោកលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានទទួលស្គាល់ថាខ្លួនពិតជាបានប្រគល់លុយជូន លោក វ៉ិត វឌ្ឍនា ។ លោកបានបញ្ជាក់ថា “… យើងមកអភិវឌ្ឍន៍អីចឹងទៅ។ យើងចេះតែជួយទៅ។ គ្នាសុំដំបូងអីតិចតួច សុំអង្ករ កូវីដអីយើងជួយរហូត”។
អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំង កសិកម្ម និងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង១២ហិកតា ត្រូវបានមន្ត្រីពាក់ព័ន្ធមួយចំនួនចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្ត បានឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីទាំងនោះថា សុទ្ធតែពួកបំផ្លាញជាតិ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងធនធានទឹក និងឧតុនិយមសុំមិនបញ្ចេញឈ្មោះបានបង្ហើបថារឿងលួចលក់ដីអាងទឹកដងទង់ ខេត្តកំពត គឺមានមន្ត្រីជាប់ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្តដូចសម្លកំពឹសហើយនេះជាការភ្លាត់ស្នៀតមួយ។
ប្រភពច្បាស់ការណ៍បានទម្លាយថា មេចំណែកធំបែងចែកលុយពុករលួយពីការលក់ «អាងទឹកដងទង់» ដីរបស់រដ្ឋ គឺលោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត បានទទួលលុយសុទ្ធៗពីលោក សេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ ទើបបង្កើតថ្មីដែលជាខែលបាំងមុខរាប់ម៉ឺនដុល្លារដើម្បីយកទៅចែកគ្នា។ ក្រុមលោក វ៉ិត វឌ្ឍនា បានធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំជាពិសេសគឺ ក្រសួងមហាផ្ទៃថាទីនោះគ្មានអាងទឹកនោះ មានដូចជាលោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លី។ លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដីខេត្ត។ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។ លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់។ លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក តិល រិន មេភូមិសុភី។ ពួកគាត់ទាំងនោះសុទ្ធតែបានទទួលកញ្ចប់លុយពីលោក សេង សម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់រៀងៗខ្លួន។
សូមជម្រាបថា អាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋមានតម្លៃរាប់លានដុល្លារត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅបានជាស្ថាពរដោយបើកលក់គម្រោងខ្យល់ បុរីដងទងធម្មជាតិដោយគ្មាន ច្បាប់អនុញ្ញាត។ក្រុមហ៊ុនសេងសម្បត្តិបានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដីអាស្រ័យផលពលរដ្ឋចំនួន២៩គ្រួសារដោយក្នុង នោះមាន១៩គ្រួសារយល់ព្រមលក់ឱ្យឈ្មួញកណ្តាល ណែម សារឿន តែមិនទាន់ទទួលបានលុយគ្រប់ចំនួន ទេ។ ប៉ុន្តែករណីនេះបែរជាធ្លាយមានលិខិតរបស់លោក តិល រិន មេភូមិសុភីតំណាងប្រជាពលរដ្ឋ៣០គ្រួសារលក់ដីផ្តាច់ ឱ្យលោកស្រី សុខ ហ្គិច លោកស្រី ចាន់ ស្រីឡែន និងលោក សេង សម្បត្តិ ទៅវិញ ? តើដីមួយកន្លែងអាចលក់បានបួន ដងមែនទេ ? ហើយការលក់ដីនោះស្របតាមច្បាប់រដ្ឋដែរឬទេ ? មូលហេតុអ្វីខ្លះនិងឯកសារ អ្វីខ្លះទើបមេឃុំ កែវ គឹម ហ៊ានបោះត្រាទទួលស្គាល់ការលក់ដូរដីកំពុងតែមានរឿងទំនាស់ ?។
ប្រជាពលរដ្ឋនៅស្រុកដងទង់មានចម្ងល់ថាឈ្មួញទិញដីតែ១៩គ្រួសារមានផ្ទៃដីសរុបប្រហែល៩ហិកតាសោះ ហេតុអ្វីក្រុមហ៊ុនទៅចាក់ដីលុបផ្ទៃអាងទឹកទាំងមូល រហូតដល់ជាង១២ហិកតាទៅវិញ ? តើអាងទឹកដងទង់ នរណាខ្លះជាអ្នកលួចលក់ឱ្យឈ្មួញ សេង សម្បត្តិ ? តើនរណាចេញច្បាប់ឱ្យចាក់ដីសាងសង់លក់បុរីខ្យល់ ? ហេតុអ្វីឈ្មួញដឹកដីចាក់លុបអាងទឹកកក្រើក ស្រុកដង ទង់ អាជ្ញាធរមិនមានវិធានការ ? នេះជាសំណួរគ្មានចម្លើយ។
រឿងមន្ត្រីពាក់ព័ន្ធលួចលក់ អាងទឹកដងទង់ នេះធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋយ៉ាងតិច២៩គ្រួសារ នេះមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបារម្ភពីទឹកជំនន់លិចភូមិដោយគ្មានកន្លែងដោះទឹកនោះ។ ក្រុមមន្ត្រីទាំងនោះបាននាំគ្នានិយាយបិទបាំងការពិត និងធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខែត្រ និងក្រសួង ថា កន្លែង អាងទឹកដងទង់ ជាដីស្រែគឺដើម្បីតែផលប្រយោជន៍បក្ខពួកពុករលួយ។
សាក្សីម្នាក់សុំមិនបញ្ចេញឈ្មោះ និងជាអតីតមន្ត្រីបម្រើការងារជាមួយលោក ហៃ សូន អតីតអភិបាល ស្រុកដងទង់ លើកឡើងថា កាលពីអំឡុង ឆ្នាំ១៩៨៦ កើតស្រុកដងទង់ ថ្មីលោក ហៃ សូន បានបញ្ជាឱ្យមេឃុំកែនប្រមូលប្រជាជនមក ជីកទំនប់ដើម្បីទប់ទឹកសម្រាប់អ្នកស្រុកប្រើប្រាស់។ ពីព្រោះតំបន់នោះជាកន្លែងខ្សត់ទឹកប្រើប្រាស់គ្មានប្រភពទឹកហូរឆ្លង កាត់ ហើយក៍ជាកន្លែងលេនដ្ឋាននៃភូមិសាស្ត្រការពារស្រុកផងដែរ។
ការខិតខំបកស្រាយបង្វែងដានយកត្រូវពីសំណាក់លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រ បានលើកឡើងថាអាងទឹកដងទង់ពុំមានសំណង់ដោះទឹកទេដំបូងឡើយ។នៅកន្លែងផ្ទៃអាងដែលមានទឹកដក់ជ្រៅនោះបើតាមលោកធ្លាប់វាស់វែងកន្លងមកតាមប្រព័ន្ធហ្គូហ្គលមានទំហំប្រហែលជាង២ហិកតាតែប៉ុណ្ណោះ។អាងទឹកនេះពុំមានចារឹកលក្ខណៈជាប្រព័ន្ធធារាសាស្ត្រទេព្រោះ វាមានទំហំតូច។
លោកប្រធានមន្ទីរក៏មិនបានជូនដំណឹងទៅ ក្រសួងធនធានទឹក អំពីការចុះបញ្ជីដីអាងទឹកជាសម្បត្តិរដ្ឋនោះដែរកន្លង មក។ ប៉ុន្តែកាល មន្ទីរសុរិយោដី ខែត្រកំពត បានចុះវាស់វែងដីធ្លីឱ្យពលរដ្ឋនៅម្ដុំនោះក៍ចង់ ចុះបញ្ជីដី អាងទឹកដងទង់ ជាសម្បត្តិរដ្ឋ។ ប៉ុន្តែមានប្រជាជនមិនព្រមហើយខាងអាជ្ញាធរក៍បានចុះបញ្ជីដីនេះថា «ដីគ្មានទិន្នន័យ» នោះទៅ…។
ត្រង់ចំណុចដែលគេថា «ដីគ្មានទិន្នន័យ» នេះហើយទើបធ្វើឱ្យពួកមន្ត្រីខិលខូចទាំងនោះលួចលក់ដីរដ្ឋ «អាង ទឹកដងទង់» បានដោយជោគជ័យ។
លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្រាន់តែឮថាអ្នកកាសែតចុច បិទតែម្តង បើទោះបីជាព្យាយាមទូរស័ព្ទចូលជាច្រើនដងក៏លែងលើកទូរស័ព្ទ។
ចំណែកលោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លីមិនធ្វើអត្ថាធិប្បាយទេ ដោយឲ្យសួរទៅអ្នកនាំពាក្យរដ្ឋបាលខេត្ត។
ទាក់ទងការចោទប្រកាន់មន្ត្រីខេត្តកំពតមួយចំនួនឃុបឃិតគ្នាលក់អាងទឹកដងទង់ត្រូវអ្នកនាំពាក្យរដ្ឋបាលខេត្តកំពត បានបញ្ជាក់នៅល្ងាចថ្ងៃទី៣០ខែកញ្ញានេះថា“ខ្ញុំទទួលព័ត៌មាននឹងមិនច្បាស់លាស់ទេគ្រាន់តែក្នុងនាមជាអភិបាលរងទទួលបន្ទុកព័ត៌មានដឹងតែពីរឿងអ្វីដែលជាការពិត យើងនិយាយការពិត តែមិនដឹងរឿងយើងមិនអាចនិយាយបានទេ រឿងនឹងពិតឬមិនពិតយ៉ាងម៉េចយើងមិនដឹង”។
រីឯឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ពាក់ព័ន្ធរឿងនេះ សំណើរបស់ប្រជាពលរដ្ឋ១៨គ្រួសារ ដែលក្នុងនោះមាន ៣០នាក់ ដែលស្នើសុំប័ណ្ណកម្មសិទ្ធិ ហើយសំណើនេះតាំងពីឆ្នាំ២០២០ ហើយត្រង់ថាប្រជាពលរដ្ឋ លក់បន្តទៅឲ្យក្រុមយ៉ាងម៉េចគឺជាសិទ្ធិរបស់គាត់ប៉ុន្តែរដ្ឋបាលនិងរដ្ឋអំណាចធ្វើតាមនីតិវិធីមិនអាចធ្វើខុសនីតិវិធីបានទេ។
ឯកឧត្តមបានបញ្ជាក់ថា “ការចោទប្រកាន់ណាមួយជាការលើកឡើងរបស់បុគ្គល។ ធម្មតាការអភិវឌ្ឍត្រូវតែមានច្បាប់មាន ទម្លាប់។ ប៉ុន្តែជួនកាលអាចធ្វើមុនច្បាប់តិចតួច ហើយច្បាប់ធ្វើតាមក្រោយសម្របសម្រួលអ៊ីចឹង។ វាមានអ៊ីចឹងដែរហើយ ដំណោះស្រាយនឹងវានឹងចប់នៅពេលខាងមុខ។ មានប្រជាពលរដ្ឋបួនគ្រួសារចេះតែទាមទារថាខ្លួនមានដីនៅទីតាំងនឹង បានគាត់ចេះតែលើកពីនេះពីនោះចឹងទៅ”៕
អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំង កសិកម្ម និងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង១២ហិកតា ៕